081 400 998 | 017 601 666

អាថិកំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ

អាថិកំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ

នៅក្នុងទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រុមអ្នកជំនាញឧទ្យានជាតិ បានប្រវត្តិ សាវតាពីអតីតកាលនៃឧស្សាហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋាននៃ ការស្លដែកនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា​ តេជោសែន ឫស្សីត្រឹប ជូនដល់សាស្ត្រាចារ្យ និស្សិត ប្រមាណ១៥០នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់កេរមរតកដូនតាខ្មែរយើង។ លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យាន និងជាអ្នកជំនាញខាងបុរាណវត្ថុវិទ្យាបានលើកឡើងថា នៅក្នុងបរិវេណឧទ្យានជាតិមួយនេះ មានតំបន់ឡស្លដែកចំនួន០៤កន្លែងធំៗ ក្នុងនោះមានតំបន់ឡស្លដែកបុរាណឫស្សីបាល្ល័ង តំបន់ស្រែកំបុត តំបន់ឫស្សីត្រឹប(០២កន្លែង) សរុបមាន ៤៨បណ្តុំឡស្លដែក ហើយតំបន់ខ្លះមានគំនរអាចម៌ដែកទំហំប្រមាណជា ៥០០បួនជ្រុង លោកបណ្ឌិតបន្តទៀតថា ការចេះច្នៃរ៉ែដែក ដុតដើម្បីឱ្យក្លាយជាដែកនៅពេលនោះពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះវិស័យ សំណង់ប្រាសាទ ការពារជាតិ កសិកម្ម និងសេដ្ឋកិច្ចគ្រួសារ។ ភ័ស្តុតាងនៃការប្រើប្រាស់ដែកទាំងអស់នោះ បានបង្ហាញយ៉ាងជាក់ច្បាស់ដូចជា ដែកទាមនៅតាមប្រាសាទនានា ឧបករណ៍កាត់ថ្ម សាស្ត្រាវុធដែលប្រើដោយព្រះរាជានិងកងទ័ព និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជាកាំបិត -ល-។

នៅក្នុងការទស្សនកិច្ចសិក្សានៅលើទីតាំងជាក់ស្តែងនោះ និស្សិតបានចាប់អារម្មណ៍យ៉ាងខ្លាំង និងបានកោតសរសើរចំពោះស្នាដៃ និងទេពកោសល្យរបស់ដូនតាខ្មែរនាសម័យនោះ ពិសេសជនជាតិកួយ ដែលជំនាញខាងស្លដែក ហើយបានលើកឡើងនូវចម្ងល់ ជុំវិញប្រវត្តិសាវតានៃការស្លដែក និងការប្រើប្រាស់ដែកនាសម័យនោះ។

ក្រៅពីបានសិក្សាស្វែងយល់អំពីកេរមរតកពីបុរាណទាំងអស់នេះ និស្សិតក៏ស្វែងយល់អំពីប្រភេទរុក្ខជាតិ និងជីវចម្រុះយ៉ាងសម្បូរបែប ដែលដុះគ្របដណ្តប់ក្នុងតំបន់បុរាណដ្ឋាននេះផងដែរ។

សូមបញ្ជាក់ផងដែរថា  ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៤ ខែមេសា ដែលមាន មានទំហំ ផ្ទៃដី១១៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ​ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ មានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ​ (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុង បរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ។

ក្រុមការងារឧទ្យានដែលថែរក្សានៅទីនេះផ្ទាល់ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្ត អ្នកស្រាវជ្រាវ សូមអញ្ជើញមកទស្សនា សិក្សាស្វែងយល់ និងចូលរួមថែរក្សានិងអភរិក្សឱ្យបានគង់វង្ស។ ម្យ៉ាងទៀត សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក ចូលរួមនូវថវិកា និងសម្ភារៈបច្ចេកទេស ដើម្បីឱ្យក្រុមអ្នកជំនាញយើង មានលទ្ធភាពបន្តសិក្សាស្រាវជ្រាវធ្វើកំណាយបន្តបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ លោក សូត្រ សំណាង ប្រធាឧទ្យានសូមថ្លែងអំណរគុណដល់ ឯកឧត្តមឧកញា សុខ គង់ បានបរិច្ចាកថវិកាចំនួន ១០លានរៀល និងលោក ជំនាវ លឹម ឈីវហួរ បានបរិច្ចាកថវិកា ២លានរៀល ក្នុងការរួមចំណែកការស្រាវជ្រាវ និងអភិរក្ស ឡស្លដែកបុរាណនៅឧទ្យាននៅពេលកន្លងមក។

 

   

ដោយ៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

Latest New

របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប វគ្គ១ [មានវីដេអូ]

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» នៅប៉ៃលិន កំពុងធ្វើឱ្យអ្នកទេសចរ សំលៀងចិត្តចង់ទៅដល់ទីកន្លែង !

ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​

Pictures Expose Reality Of Zoos Which They Always Hide From Us

ទឹកជ្រោះព្រះនិមិត្តនៅតែមានប្រជាប្រិយភាពខ្លាំង សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត