នៅបរិវេណឧទ្យាន Virunga នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Mathieu Shamavu បានថតសែលហ្វីជាមួយសត្វស្វា Gorilla ជាទីស្រឡាញ់របស់ខ្លួនចំនួនពីរក្បាល គឺ Nkakazi និង Ndeze។
យោងតាមការផ្សាយរបស់ The Guardian សត្វស្វា Gorilla ទាំងពីរក្បាល ជាសត្វដែលកំព្រា បន្ទាប់ពីមេបារបស់ពួកវា ត្រូវបានព្រានព្រៃបាញ់សម្លាញ់។ Nkakazi និង Ndeze ត្រូវបានសង្គ្រោះ និងថែទាំនៅមណ្ឌល Senkwekwe នៃឧទ្យានជាតិ Virunga។
លោក Shamavu បានបញ្ជាក់ថា លោកសង្កេតឃើញថា សត្វទាំងពីរនៅពីក្រោយខ្នងខ្លួន ទើបលោកដកទូរសព្ទពីហោប៉ៅ ហើយថតសែលហ្វីតែម្តង។ អ្វីដែលគួរឲ្យរីករាយនោះ គឺសត្វទាំងពីរសម្លឹងទៅមើលទូរសព្ទយ៉ាងយកចិត្តទុកដាក់។
លោក Innocent Mburamumwe អនុប្រធានឧទ្យានជាតិ Virunga បានអះអាងប្រាប់ BBC ថា សត្វស្វាទាំងពីរក្បាលនោះ បានចាត់ទុកមនុស្សដែលបម្រើការនៅឧទ្យាន ដូចជាឪពុកម្តាយរបស់ពួកវា ហើយពួកវាចូលចិត្តធ្វើត្រាប់តាមមនុស្សខ្លាំងណាស់។
ក្រោយមកលោក Shamavu បានបង្ហោះរូបថតនោះនៅលើបណ្តាញសង្គម Twitter ហើយគណនីផ្សេងទៀតបានយកទៅបង្ហោះបន្ត ជាមួយនឹងយុទ្ធនាការទប់ស្កាត់ការបរបាញ់សត្វព្រៃ។
Virunga គឺជាឧទ្យានជាតិដ៏ចំណាស់ជាងគេនៅអាហ្វ្រិក ដែលចិញ្ចឹមបីបាច់ស្វាភ្នំ Gorillas ប្រមាណ១០០ក្បាល។ Nkakazi និង Ndeze ស្ថិតក្នុងចំណោម Gorillas ជាច្រើនក្បាលដែលកំព្រាមេបា ដោយសារព្រានព្រៃសម្លាប់។
លោក Shamavu និងថ្នាក់ដឹកនាំឧទ្យាន រំពឹងថា មនុស្សនឹងកាន់តែយល់ពីតម្លៃរបស់សត្វ តាមរយៈរូបសែលហ្វីដ៏គួរឲ្យស្រឡាញ់នេះ ពីព្រោះសត្វទាំងអស់តែងតែរីករាយជាមួយមនុស្ស ប្រសិនបើយើងយកចិត្តទុកលើពួកវា៕