រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្តនេះ មានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ប្រជាពលរដ្ឋ ឬ ភ្ញៀវទេសចរទាំងឡាយ ដែលបានទៅដល់ទឹកដីខេត្តស្ទឹងត្រែងហើយនោះគឺភាគច្រើនពួកគេតែងតែនាំគ្នាទៅទស្សនាកម្សាន្ត និង គយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តនោះ មិនដែលអាក់ខានឡើយ ។ ទឹកជ្រោះព្រះនិមិត្តនេះ ស្ថិតនៅតាមដងទន្លេមេគង្គ ភាគខាងលើនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ ។
ទឹកជ្រោះព្រះនិមិត្ត មានទីតាំងស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ហើយជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ។ បើលោកអ្នកធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ទឹកជ្រោះព្រះនិមិត្តនេះគឺមានចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រប៉ុណ្ណោះ។ តែប្រសិនបើលោក អ្នកធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញនោះគឺមានចម្ងាយផ្លូវរហូតដល់ទៅ ១០០គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋានទឹកជ្រោះនេះ ។
ទឹកជ្រោះព្រះនិមិត្ត ឬ ហៅម្យ៉ាងទៀតថា ទឹកជ្រោះសុភមិត្តនោះ ជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាម ថ្មដា ដែលមានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រ។ នៅរដូវវស្សាពេលកម្រិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកម្លាំងខ្លាំងបំផុត ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទ មើលទៅពិតជាមានភាពទាក់ទាញខ្លាំង ។
បើនៅរដូវប្រាំងវិញ ល្បឿនទឹកហូរធ្លាក់មានការថមថយមកនៅត្រឹមចន្លោះផ្ទាំងថ្មរដិបរដុបនោះ ដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និង ស្រួចតាមធម្មជាតិ ធ្វើឱ្យផ្ទៃលំហនៃទីតាំងទឹកធ្លាក់នោះ បានក្លាយជាទីវាលថ្មចម្រុះពណ៌គួរជាទីគយគន់ ។ ភ្ញៀវទេសចរទាំងឡាយ កាលណាបើបានទៅដល់រមណីយដ្ឋានទឹកធ្លាក់នេះហើយ ប្រាកដជាមានអារម្មណ៍ស្រស់ស្រាយជាពុំខាន ៕
ប្រភព៖ https://www.popular.com.kh/tours/97677.html/