រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត ជារមណីយដ្ឋានធម្មជាតិមួយត្រូវបានគេរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលទៅដល់ខេត្តប៉ៃលិនឱ្យចូលទៅទស្សនា រមណីយដ្ឋាននោះជាកន្លែងបែបធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ បែបតំបន់ភ្នំ ដែលឋិតនៅ ភូមិក្នុងបហ៊ុយ ឃុំបយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្ថិតនៅទិសខាងជើងឆៀងខាងលិច ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីក្រុងប៉ៃលិន ។
បើចង់ទៅកម្សាន្តនៅរមណីយដ្ឋានស្ទឹងត្រជាក់ចិត្តនេះ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ រួចធ្វើដំណើរឆ្ពោះទៅកាន់ ភូមិបហ៊ុយ ឃុំបយ៉ាខា ក្រុងប៉ៃលិន ពេលនោះនឹងបានឃើញរមណីយដ្ឋានមួយ ដែលគេរៀបចំយ៉ាងស្អាតបង្ហាញនូវភាពទាក់ទាញ ។ ក្រៅពីទឹកធ្លាក់ ដែលមានភាពស្រស់ស្អាត់ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត មានសួនច្បារផ្កាចំរុះពណ៌ រង់ចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះ ។
រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត ជារមណីយដ្ឋានបែបធម្មជាតិពិតៗ ព្រោះមានដើមរុក្ខជាតិតូចធំជាច្រើន អមដោយព្រៃភ្នំ ពិសេសវាស្ថិតនៅក្នុងតំបន់ជួរភ្នំខៀវ មានទឹកធ្លាក់ជាច្រើនជាន់ មានទេសភាពប្លែកៗគួរឱ្យចង់ទស្សនា ព្រមទាំងផ្តិតយករូបភាពល្អៗ មានខ្យល់ជំនោរត្រជាក់ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយ ៕
ប្រភព៖