081 400 998 | 017 601 666

ព័ត៌មានស្ដីពីសត្វព្រៃ នៅជុំវិញតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប

 

I. ខ្លឹមសារបទសម្ភាសជាមួយអ្នកដែលបានជួបដំរីនិងគន្លងដំរី

១-លោក ខេក ឃឿន

-បទសម្ភាសន៍ជាមួយលោក ខេក ឃឿន ដែលជាអ្នកបានជួបដានសត្វដំរី

គាត់បានឃើញគន្លងដំរីមានតូចមានធំ នៅភូមិរបុញ ស្រុកជាំក្សាន្ត នៅក្នុងដែនជម្រកសត្វឆែប នៅខាងកើតព្រៃព្រះរការ។ អ្នកច្បោះជ័រនៅភូមិឆែបកើត ឈ្មោះ ខុន បានដើរប៉ះដំរីម្ដងៗដែរ នៅពេលឥឡូវនេះ។  នៅខែប្រាំងយើងជិះម៉ូតូទៅចេញតាមដងផ្លិត តាមវាលចាកៅ ដល់អូរគគីរ នៅខែវស្សាជិះគោយន្តទៅតាមស្រឡៅ តែកន្លះថ្ងៃដល់។ កាលពីខែប្រាំង ឆ្នាំនេះ គាត់បានយកអាចម៍ដំរីមកផ្ទះដើម្បីដាក់លាយជាមួយទឹកឱ្យសត្វមាន់ផឹកការពារជំងឺ។ គាត់បានឃើញឈ្លូស និងទន្សោងមានច្រើន ប៉ុន្តែមិនបានឃើញសត្វខ្ទីងនិងសត្វខ្លាទេ។ សត្វដំរីស៊ីព្រិច វល្លិ៍តាអាន និងចុងផ្ដៅ។ អ្នកផ្សេងទៀតដែលបានជួបដំរីដែរ គឺឈ្មោះ លី រស់នៅភូមិឆែបកើត។

          

២-ភរិយា លោក ខុន

-បទសម្ភាសន៍ជាមួយប្រពន្ធ លោក ខុន ដែលជាអ្នកបានជួបសត្វដំរី

បងស្រីបាននិយាយថា គាត់ទៅច្បោះជ័រជាមួយប្តី បានជួបនិងឮសម្លេងសត្វដំរីស្រែក ‹‹លាសៗ›› តែពេលយប់ នៅពេលវាដើរកាត់ក្បែរចំណតចំការច្បោះចម្ងាយពីគ្នាប្រមាណ២០០ម ប៉ុន្តែមិនដឹងធំឬតូចទេ ឃើញតែដានជើងធំប៉ុនឆ្នាំង និងមានតូចខ្លះនិងធំខ្លះ។ ពេលខ្លះនៅពេលយើងមិននៅវាទាញកៅស៊ូចំណតចេញ។ គាត់បានឃើញដានជើងដំរីទាំងក្នុងខែប្រាំងនិងខែវស្សា។ នៅក្នុងព្រៃ ដំរីដើរជាលក្ខណៈធម្មតាព្រោះវាសាំងជាមួយនឹងមនុស្សហើយ។ ពីឆ្នាំទៅ (២០១៧) ប្តីរបស់គាត់គំបង់តែដងជ័រក៏ស្រាប់តែពើបដំរី។ ចេញពីផ្លូវចូលទៅព្រៃច្បោះរបស់គាត់មិនឆ្ងាយប៉ុន្មានទេ ប្រហែលជា២-៣គីឡូម៉ែត្រ។ ដំរីជាទូទៅ អ្នកច្បោះជ័រតែងបានជួបស្ទើរគ្រប់គ្នា ព្រោះវានៅគ្រប់ច្រក។ ដំរីនោះមានចំនួនប្រមាណជាពី៦-៧ក្បាល។ តាមគន្លងរបស់វា ជួនកាលវាដើរជាហ្វូង ជួនកាលវាដើរតែម្នាក់វា នៅក្នុងទីតាំងចំការច្បោះរបស់គាត់ដែលមិនសូវមានព្រៃ ជាទីវាលៗ។ ដំរីនោះ ទំនងជាធ្វើដំណើរឆ្លងកាត់ទៅមកពីទឹកដីលាវផងដែរ។ នៅខែវស្សាធ្វើដំណើរមកទឹកដីកម្ពុជា។  ក្រៅពីដំរី គាត់បានជួបតែសត្វជ្រូកព្រៃ និងមិនដែលបានជួបសត្វខ្លា និងសត្វឈ្លូសទេ។ គាត់ធ្លាប់ឃើញតែគន្លងជើង (កាលួង)ទន្សោង ស្រដៀងគ្នានឹងដានជើងគោ។ នៅទីនោះមិនមានភូមិអ្នកស្រុកទេ។ គាត់មិនស្គាល់តំបន់ភូមិរបុញទេ។ ចំការច្បោះរបស់គាត់នៅម្ដុំមុខត្រពាំងម្រាក់ទេរ កៀកក្បែរនឹងភូមិដងផ្លិត។ ដំរីដែលគាត់ជួបគឺនៅម្ដុំអូរគគីរ ។ នៅក្នុងចំការច្បោះ យើងដើរទៅទៅណាក៏ជួបអាចម៍ដំរីដែរ។ កាលពីឆ្នាំទៅ គាត់បានវេចអាចម៍ដំរីមកផ្ទះ ប៉ុន្តែឥឡូវមិនដឹងទុកនៅទីណាទេ។  បើសួរលោក រឿន ខៃ និងលោក ស សុខណា នឹងដឹងច្រើន។

 

៣-លោក ស សុខណាត កូនលោក ស សុខណា

-បទសម្ភាសន៍ជាមួយកូន លោក ស សុខណា ដែលធ្លាប់ទៅច្បោះជ័រជាមួយឱពុក

គាត់ធ្លាប់ឮស្នូរដំរីហ្វូងឆ្លងកាត់ចំការច្បោះរបស់គាត់ ម្ដងទៅពីរដង នៅចម្ងាយពីគ្នាប្រមាណ៣០០ម នៅវេលាប្រហែលម៉ោង៩-១០ យប់។ ហ្វូងដំរីមានចំនួន៤ក្បាលធំៗ ប៉ុន្តែមិនធំប៉ុនគ្នាទាំងអស់ទេ។ គាត់ក៏ធ្លាប់ជួបដំរីធំ១ដែលបែកហ្វូង ដើរតែឯង កម្ពស់ប្រហែលជាជាង២ម៉ែត្រ នៅវេលាម៉ោង១២ថ្ងៃ នៅត្រង់តំបន់ច្បោះជ័រ ភូមិចាស់របុញតែម្តង កាលពីខែប្រាំងឆ្នាំ២០១៧។ គាត់ធ្លាប់ឃើញអាចម៍ដំរីនៅក្នុងព្រៃ ប៉ុន្តែមិនបានយកមកផ្ទះទេ។ ក្រុមអ្នកច្បោះជ័រដែលបានឃើញដំរីជាមួយគ្នានោះ រួមមានឈ្មោះ លោក លៀម លោក ពឿត។ ការធ្វើដំណើរដោយគោយន្តទៅច្បោះ ចេញពីឆែបទៅនៅម៉ោង៧ព្រឹក នឹងដល់ភូមិរបុញ នៅម៉ោង២ឬ៣ រសៀល។ បន្តដំណើរទៅដល់ចំការច្បោះ នឹងចំណាតរយៈផ្លូវ ប្រមាណជា១០គីឡូម៉ែត្រ។ គោយន្តនឹងស៊ីសាំងចំនួន១៥លីត្រ ទាំងទៅទាំងមក។ គាត់មិនធ្លាប់ជួបសត្វខ្លាទេហើយក៏មិនដែលឃើញអាចម៍ខ្លា រួមទាំងខ្ទីងនិងទន្សោងដែរ ប៉ុន្តែធ្លាប់ជួបសត្វឈ្លូស។ គាត់ធ្លាប់ជួបក្ងោកនិងត្រដក់។

៤-ភរិយា លោក រឿន ខៃ

-បទសម្ភាសន៍ជាមួយ ប្រពន្ធ លោក រឿន ខៃ  ខណៈដែលប្តីគាត់បានចេញទៅច្បោះប្រើក្នុងរយៈពេល២០ថ្ងៃ

គាត់បានរៀបរាប់សំដីប្តីគាត់ដែលបានប្រាប់គាត់ថា សត្វដំរីបានរុះរើជាន់កំទេចចាន ឆ្នាំង របស់គាត់ កាលពីខែមិនា- មេសា ឆ្នាំ២០១៨នេះ។ នៅចំការច្បោះរបស់គាត់ ដំរីច្រើនតែចូលមកនៅខែប្រាំង។ គាត់មិនធ្លាប់យកអាចម៍ដំរីមកផ្ទះទេ។

៥-លោក អាន

-បទសម្ភាសន៍លោក អាន (ក្រុមការងារជាមួយគ្នានឹង លោកជី និងលោក ម៉ៅ លោក រឿន ខៃ)

 

លោក អាន បានរៀបរាប់អំពីសកម្មភាពដំរីចូលមករុះរើរបស់របរចាន ឆ្នាំង កានទឹក ព្រមទាំងហែកអាវនិងមុង នៅក្នុងចំណតច្បោះរបស់គាត់ នៅពេលគាត់ទុកចោលចំណតរបស់គាត់។ គាត់មិនធ្លាប់ជួបដំរីផ្ទាល់ទេ ប៉ុន្តែធ្លាប់បានឃើញតែគន្លងដំរី នៅពេលគាត់ធ្វើដំណើរទៅច្បោះជ័រនៅក្បែរចំណតច្បោះ។ គាត់ជួបដានគន្លងដំរីទាំងនៅរដូវប្រាំងនិងរដូវវស្សា ដោយសារដំរីដើរចល័តរហូត។ នៅខែវស្សា ដំរីច្រើនដើរបៀតៗនឹងចំណតច្បោះ។ កាលពីឆ្នាំទៅ ឆ្នាំ២០១៧ ដំរីបានមកនៅខាងលិច បៀតគ្នានឹងចំណត ពេលគាត់ទះធុងវាក៏ចេញទៅ។ ដំរីទាំងនោះ មិនមានច្រើនទេ ប្រហែលជា៤-៥ប៉ុណ្ណោះ។ ដំរីវាដើររហូត មិនថាយប់ឬថ្ងៃ ទាំងខែប្រាំងនិងខែវស្សា។ គាត់ឃើញអាចម៍ដំរី ប៉ុន្តែមិនធ្លាប់យកវាមកផ្ទះទេ។ គាត់ធ្លាប់បេះរោមដំរីដែលនៅជាប់នឹងដើមឈើបានពីរបីសរសៃ យកមកដាក់ហោប៉ៅហើយក៏ចោលបាត់ទៅ។ ដំរីច្រើនត្រដុសពីលើកូនឈើត្បែង ឬដករំលើងកូនឈើទំហំប៉ុនសរសរតូចៗ ឬពិតបុកដើមឈើដួលរាល។ វិធីចំណាំ បើមានកូនត្បែងដួលរលំចេញឬស នោះបង្ហាញថាមានដំរីត្រដុសហើយ។ អ្នកស្រុកមានជំនឿថា គេយករោមដំរីដែលជាប់ដើមឈើមកឱ្យកូនក្មេង។  ក្រៅពីដំរី គាត់ក៏បានធ្លាប់ឃើញគន្លងខ្ទីងនិងទន្សោង ។ គាត់ឃើញគន្លងទន្សោងនៅពេលព្រឹក សឹងតែរាល់ថ្ងៃ ខណៈដែលគាត់ចេញទៅច្បោះ។ គាត់ចំណាំគន្លងសត្វទន្សោង ស្រដៀងឬដូចគ្នាទៅនឹងគន្លងសត្វគោដែរ ប៉ុន្តែនៅទីនោះ គ្មានគោអ្នកស្រុកទេ ព្រោះជាព្រៃឆ្ងាយពីភូមិរបុញ។ ហើយបើជិះគោយន្តពីផ្លូវគ្រួសក្រហមទៅចំណតច្បោះ ត្រូវចំណាយពេលេជិត១ម៉ោង។   កាលឆ្នាំទៅមួយ គឺឆ្នាំ២០១៦ គាត់បានឃើញសត្វទន្សោងទាំងហ្វូង ។ ចំពោះខ្លាវិញ គាត់មិនដែលជួបទេ សូម្បីតែដានជើងក៏មិនឃើញដែរ។ ចំការច្បោះគាត់មិនឃើញមានឆ្កែព្រៃទេ។ ប៉ុន្តែសត្វឆ្កែចចក និងសត្វក្ងោក ធ្លាប់ឃើញនិងនៅមាន។

៦-លោក ភីន

-បទសម្ភាសន៍លោក ភីន (សព្វថ្ងៃពិការជើងឆ្វេង)ធ្លាប់ជួបដំរីហ្វូងសត្វដំរីផ្ទាល់ ដែលមានចំនួន៥ក្បាល ដំរីធំ៤ក្បាល និងកូន១ក្បាល។ គន្លងដំរីធំៗ ដែលទំហំរបស់វាអាចឱ្យមនុស្សចាស់ម្នាក់អង្គុយចុះទៅក្នុងបាន។ លោកបានជួបហ្វូងដំរីនេះ កាលពី២ឆ្នាំមុន នៅក្នុងរដូវវស្សាក្នុងខែកញ្ញា វេលាម៉ោង៥:៣០នាទីទៅម៉ោង៦ល្ងាច នៅចំណុចចំការច្បោះអូរគគីរ។ ពេលគាត់ជួប គាត់បានរត់ឡើងដើមឈើកម្ពស់ប្រហែល៤ម៉ែត្រ ដែលមើលទៅទើបតែស្មើនឹងកម្ពស់ខ្នងរបស់ដំរីធំទាំង៤ក្បាល។ ដំរីទាំងនោះហាក់ដូចជាសាំងជាមួយនឹងមនុស្សហើយ ដោយសារហ្វូងរបស់វាបានជួបជាមួយមនុស្សច្រើនដង។ នៅពេលដែលហ្វូងរបស់ដំរីដឹងសន្ធឹកមនុស្ស ពួកវាគេចខ្លួនចេញពីមនុស្ស។ បើទោះជាជួបវាក់ជាមួយនឹងមនុស្ស សត្វដំរីក៏មិនធ្វើអ្វីដល់មនុស្សទេ។ គាត់មិនធ្លាប់យកអាចម៍ដំរីមកផ្ទះទេ ព្រោះវាមានទម្ងន់ធ្ងន់ ប្រមាណជា២-៣គីឡូក្រាម ក្នុងមួយដុំ។     ក្រៅពីដំរី លោកភីន ក៏ធ្លាប់ជួបនឹងសត្វទន្សោង ខ្ទីងផងដែរ។ ទន្សោងដែលគាត់បានជួបផ្ទាល់ ទាំងហ្វូង ជួនកាលដើរឯង កាលពី១ឆ្នាំ។  គាត់បានឮស្នូរទន្សោងនិងខ្ទីងរត់។ ចំពោះខ្លាឃ្មុំ យូរៗម្តង គាត់បានប្រទះឃើញដានជើងរបស់វា។ គាត់ធ្លាប់ជួបតែសត្វចចកនិងខ្លាឃ្មុំ។ គាត់គិតថា ខ្លាធំអាចមានតែវានៅឆ្ងាយពីកន្លែងមនុស្ស។ កាលពីឆ្នាំ២០១២ គាត់បានឃើញគន្លងខ្លាធំនៅម្ដុំអូរគគីរ។

II. សន្និដ្ឋាន

បើទោះជាតំបន់ច្បោះជ័រមានទីតាំងផ្សេងគ្នាក៏ដោយ ក៏ភាគច្រើននៃអ្នកប្រកបរបរច្បោះជ័រនៅជុំវិញតំបន់ភូមិចាស់របុញដែលមានព្រៃក្រាស់ សុទ្ធតែបានប្រទះឃើញដានគន្លង (កាលួង)ដំរីនិងបានឮស្នូរដំរី ព្រមទាំងសកម្មភាពដំរីរុះរើរបស់របរក្នុងចំណតច្បោះរបស់ពួកគេ ក្នុងរយៈពេល១ទៅ៣ឆ្នាំមុន និងឆ្នាំថ្មីៗ។ ហើយនេះបង្ហាញថាសត្វដំរីបានធ្វើដំណើរចល័តគ្រប់ទីតាំងក្នុងព្រៃច្បោះ។  យ៉ាងហោចណាស់ មានសត្វដំរីចំនួនពី៤-៥ក្បាល ដែលត្រូវបានគេប្រទះជួបនៅក្នុងព្រៃ ហើយនិងមានអ្នកច្បោះជ័រចំនួន៧នាក់ដែលបានធ្លាប់ជួបដំរីដោយផ្ទាល់និងពីចម្ងាយ ដែលក្នុងនោះមាន លោក ខុន, លោក ស សុខណា, លោក ស សុខណាត, លោក លៀម, លោក ពឿត, លោក អាន, និងលោក ភីន។ មានអ្នកច្បោះជ័រតែពីនាក់គត់ដែលបានចាប់អារម្មណ៍ចំពោះអាចម៍ដំរីនិងបាននាំយកវាមកផ្ទះ។ អ្នកខ្លះបានបេះរោមដំរីពីដើមឈើ។  ដោយសារតែតំបន់ព្រៃច្បោះគ្នាមានទីតាំងនៅខុសៗគ្នា ក្រៅពីសត្វដំរី អ្នកច្បោះជ័រខ្លះបានជួបប្រទះសត្វព្រៃមួយចំនួនដូចជា៖ សត្វខ្ទីង  ឈ្លូស ទន្សោង ខ្លាឃ្មុំ ឆ្កែចចក ក្ងោក និងត្រដក់ ក្នុងនោះមាន លោក ខេក ឃឿន បានជួប  សត្វឈ្លូស ទន្សោង; ភរិយា លោក ខុន បានជួប ទន្សោង; លោក ស សុខណាត បានជួប ឈ្លូស ក្ងោក និងត្រដក់; លោក អាន បានជួប សត្វខ្ទីង ទន្សោង ឆ្កែចចក និងក្ងោក; លោក ភីន បានជួប សត្វខ្ទីង ទន្សោង ឆ្កែចចក និង ខ្លាឃ្មុំ។ គួរឱ្យសោកស្ដាយ ភាគច្រើននៃអ្នកច្បោះជ័រមិនធ្លាប់ជួបសត្វខ្លាធំទេ ប៉ុន្តែលោក ភីន គិតថា ខ្លាធំអាចនៅមានសល់ ប៉ុន្តែនៅក្នុងព្រៃឆ្ងាយពីភូមិមនុស្ស ដោយសារតែកាលពីឆ្នាំ២០១២ គាត់បានឃើញគន្លងខ្លាធំ នៅម្ដុំអូរគគីរ។

 

 

ផែនទីស្ដីពីតំបន់ព្រៃដំរីឆ្លងកាត់និងរស់នៅ

 

ទាញយកឯកសារជា PDF:  Interview on Widelife of nearby TSR Park.PDF

Latest New

របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប វគ្គ១ [មានវីដេអូ]

អាថិកំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» នៅប៉ៃលិន កំពុងធ្វើឱ្យអ្នកទេសចរ សំលៀងចិត្តចង់ទៅដល់ទីកន្លែង !

ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​

Pictures Expose Reality Of Zoos Which They Always Hide From Us